
ជើងមេឃគួរឲ្យគយគន់ណាស់នារដូវវស្សានេះ។ប្រសិនបើលោកអ្នកមានបំណងជម្រុះ ចោលនូវភាពអាប់អួស្មុគស្មាញដោយសភាពកកកុញនៃទីក្រុងនោះសូមជ្រើសរើស យកជម្រើសទី១គឺធ្វើដំណើរមកកាន់ខេត្តមណ្ឌលគិរីនាភាគឦសានប្រទេស វាពិតជាគោលដៅទស្សនាចរណ៍លំហែកាយដ៏ ប្រសើរមួយ ពិសេសដំណើរទស្សនាចរណ៍ដោយការជិះដំរីគយគន់ទេសភាព។ ទីរួមខេត្ត នេះមានឈ្មោះថា ក្រុងសែនមនោរម្យហើយថ្មីៗនេះការអភិវឌ្ឍន៍បានរីកដុះដាលមាន សណ្ឋាគារធំៗកម្រិតខ្ពស់ មានជាង១០០ បន្ទប់កំពុងបើកទ្វារចំហចាំទទួលភ្ញៀវទេសចរប្រកបដោយស្តង់ដារផងដែរ ។ ពីលើគ្រែពូកដ៏ទន់ល្មើយនៃសណ្ឋាគារ មណ្ឌលគិរីលោកអ្នកនឹងចោលក្រសែភ្នែកតាមមាត់បង្អួចឃើញទេសភាពនៃទីលាន វាយកូនហ្គោលធម្មជាតិដ៏ធំល្វឹងល្វើយ។ អ្វីដែលជាមោទនៈសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិនោះគឺការធ្វើ ដំណើរកម្សាន្តពីកន្លែងមួយទៅកន្លែងមួយទៀតប្រកបទៅដោយភាពសប្បាយ រីករាយ។ បន្ទាប់មកលោកអ្នកអាចសម្រាកនៅក្នុងរោងតង់តាមភូមិជនជាតិភាគតិចនៃ ខេត្តមណ្ឌលគិរីឬ ក៏នៅតាមផ្ទះសំណាក់ សណ្ឋាគារនិងការញុំាអាហារនៅតាមភោជនីយដ្ឋានដែលនេះគឺជាដំណើរ កម្សាន្តមួយដ៏គួរឲ្យរំភើបបំផុត។ លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរីបាននិយាយថា នៅខេត្តមណ្ឌលគិរីមានតំបន់រមណីយដ្ឋានជាផ្លូវការចំនួន១៧កន្លែងដែល មាន១៥កន្លែងបែបធម្មជាតិ និង២កន្លែងទាក់ទងនឹងវប្បធម៌ប្រវត្តិសាស្ត្រ។ នៅពេលដែលភ្ញៀវទេសចរបានមកដល់ទឹកដីមានសម្រស់ទេសភាពគ្រប់រដូវកាល ខេត្តមណ្ឌលគិរីហើយនោះលោកអ្នកអាចបន្តដំណើរទៅកម្សាន្តនៅ តំបន់ទឹកធ្លាក់ដ៏ប្រណីតមួយចំនួនដូចជា៖ *ទឹកជ្រោះប៊ូស្រា៖ គឺជាជម្រើសទី១នៃគោលដៅទេសចរណ៍សម្រាប់ភ្ញៀវទេសចរទាំងឡាយដែល បានធ្វើដំណើរទៅដល់ទឹកដីខេត្តមណ្ឌលគិរី។ ទឹកជ្រោះប៊ូស្រាមាន កន្លែងទឹកធ្លាក់ចំនួន៣កន្លែងផ្សេងៗគ្នានៅលើជ្រលងតែមួយ ហើយទឹកធ្លាក់ដំណាក់ទី១គឺជាចំណុចដ៏ទាក់ទាញបំផុតសម្រាប់ការងូត លេងរបស់អ្នកទេសចរដែលមាន មុខកាត់ទំហំប្រមាណ១០ទៅ២៩ម៉ែត្រតាមរដូវប្រាំងឬវស្សា និងមានកម្ពស់ពី៨ទៅ១៥ ម៉ែត្រ។ ប្រសិនបើលោកអ្នកដើចុះទៅក្រោមប្រហែលជា២០០ម៉ែត្រនោះគេនឹងឃើញ ទឹកធ្លាក់ទី២មានមុខកាត់ពី១៣ ទៅ ២០ ម៉ែត្រ និងកម្ពស់១៥ទៅ២៥ម៉ែត្រ។ ចំណែកឯទឹកធ្លាក់ទី៣គឺនៅជាច្រើនរយម៉ែត្រទៅក្រោមទៀតដែល ស្ថិតនៅក្នុងព្រៃក្រាស់ ពោលគេមិនអាចធ្វើដំណើរទៅដល់នោះទេ។ ទឹកជ្រោះប៊ូស្រាស្ថិតនៅភាគខាងកើតទីរួមខេត្តចម្ងាយប្រមាណ៣៨ គីឡូម៉ែត្រ ពីក្រុងសែនមនោរម្យឬក៏ធ្វើដំណើរតែរយៈ ពេល១៥នាទីប៉ុណ្ណោះពីទីប្រជុំជនស្រុក ពេជ្រាដា។ ដើម្បីចូលទៅលេងកម្សាន្តក៏ តម្រូវឲ្យយើងបង់ថ្លៃរថយន្តពី១ដុល្លារទៅ២ដុល្លារផងដែរ។*ទឹកមនោរម្យ៖ គឺជារមណីយដ្ឋានទេសចរណ៍ដែលស្ថិតនៅក្នុងឃុំមនោរម្យ ក្រុងសែនមនោរម្យមានចម្ងាយ៥គីឡូម៉ែត្រពី ផ្ចិតកណ្តាលក្រុងនេះ។ លោកអ្នកអាចធ្វើដំណើរទៅដល់ទីនោះដោយរថយន្តយ៉ាងងាយស្រួល។ ប្រវត្តិនៃរមណីយដ្ឋាននេះគឺត្រូវបានសាងសង់ឡើងជារាជដំណាក់មួយរបស់ អតីតស្តេចនរោត្តមសីហនុកាលពី អំឡុងទសវត្សរ៍៦០ គឺដោយសារតែទីនេះ បានហ៊ុមព័ទ្ធទៅដោយទេសភាពស្រស់ ត្រកាល និងខ្យល់អាកាសបរិសុទ្ធមានទឹកធ្លាក់ល្អស្អាត ព្រៃភ្នំក្រំថ្ម និងដើមឈើធំៗ នៅរាយប៉ាយក្បែរនោះ។ បច្ចុប្បន្នអតីតរាជដំណាក់នោះត្រូវបានបំផ្លិចបំផ្លាញកាល ពីសម័យសង្គ្រាមនៅសល់តែស្លាកស្នាម បន្តិចបន្ទួចប៉ុណ្ណោះ។ ទឹកជ្រោះមនោរម្យ ឬហៅថាទឹកជ្រោះ ដំណាក់ស្តេចនេះគឺជារមណីយដ្ឋានប្រកបដោយសក្តានុពល ពីព្រោះវាស្ថិតនៅភូមិ ជ្រៃ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ វាតាំងនៅជិតទីក្រុង និងមានភ្ញៀវទេសចរជាច្រើនទៅកម្សាន្តនៅទីនោះជាប្រចាំ ជាពិសេសថ្ងៃឈប់សម្រាកចុងសប្តាហ៍។ *ទឹកធ្លាក់ជ្រៃធំ ៖ គឺជាឈ្មោះរុក្ខជាតិមួយប្រភេទដែលគេស្គាល់ជាទូទៅថា ព្រះពុទ្ធបរមគ្រូទៅតាំងសមាធិនៅក្រោមដើមឈើនោះ។ ទោះយ៉ាងណាក៏ដោយក៏ទឹកជ្រោះដ៏ពិសិដ្ឋនេះបានយកឈ្មោះតាមដើមជ្រៃដែល ដុះនៅក្បែរៗនោះ។ នៅព័ទ្ធជុំវិញទឹកជ្រោះនេះក៏នៅសម្បូរទៅដោយដើមស្រឡៅនិងដើមឈើ ផ្សេងៗទៀតដែរ។ មន្ទីរទេសចរណ៍ខេត្តបានធ្វើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានរៀបចំ ទីនេះឲ្យទៅជាតំបន់ទេសចរណ៍ដូចទឹកជ្រោះប៊ូស្រាដែរ។ ទឹកជ្រោះជ្រៃធំមានទីតាំងស្ថិតនៅក្នុងស្រុកសែន មនោរម្យដែលមានចម្ងាយ២០គីឡូម៉ែត្រ ពីទីរួមខេត្តហើយនៅរដូវប្រាំងទឹក ធ្លាក់មានកម្ពស់រហូតដល់៣០ម៉ែត្រ និង មានមុខកាត់សល់ត្រឹម៥ ទៅ ១០ម៉ែត្រ ប៉ុណ្ណោះ រីឯនៅរដូវវស្សាវិញទឹកធ្លាក់ក្នុង ទំហំមុខកាត់ដល់ទៅ១០ឬឬ២០ម៉ែត្រ និង មានកម្ពស់ជិត ៣០ម៉ែត្រ។ *ទឹកធ្លាក់រមនា ៖ ទឹកធ្លាក់ដ៏ស្រស់បំព្រងនេះមានទីតាំងស្ថិតនៅក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង ប៉ែកខាងលិចក្រុងសែនមនោរម្យ ដោយរមណីយដ្ឋានទឹកធ្លាក់រមនានេះគឺ មានអំណោយផលដល់ផ្នែកអេកូទេសចរណ៍ មានព្រៃឈើពណ៌បៃតងគ្របដណ្តប់ព័ទ្ធ ជុំវិញតាមដងអូរ និងជួរភ្នំដែលជាជម្រកដ៏ សុខសាន្តនៃពពួកម្រឹគីម្រឹគា បក្សាបក្សី ព្រមទាំងភូមិដ្ឋានរបស់បងប្អូនជនជាតិ។ ទៅកាន់ទីនោះមានផ្លូវលំល្អបង្គួរដែលជា ខ្សែសង្វាក់វិស័យទេសចរណ៍ មានទឹកធ្លាក់២ទៅ៣កន្លែងនៅតាមដងអូរនៃជ្រលងភ្នំនោះ ប៉ុន្តែមានទឹកធ្លាក់តែ២កន្លែងទេដែលជាចំណុចទាក់ទាញដល់ភ្ញៀវទេសចរ ទាំងឡាយ គឺទឹកធ្លាក់រមនា១មានមុខកាត់ពី៦ទៅ១០ម៉ែត្រ និងកម្ពស់៥ទៅ៨ម៉ែត្រស្ថិតនៅភូមិពូទ្រូ ឃុំសែនមនោរម្យ ស្រុកអូររាំង រីឯទឹកធ្លាក់ទី២មានទំហំតូចជាងទឹកធ្លាក់ទី១បន្តិចស្ថិតនៅភូមិ ពូរ៉ាង ឃុំសែនមនោរម្យ មានចម្ងាយ១២គីឡូម៉ែត្រពីក្រុងសែនមនោរម្យ។ *ទឹកធ្លាក់ក្បាលព្រះ៖ គឺជាតំបន់ទឹកធ្លាក់ធម្មជាតិមួយដែលមានទេសភាពយ៉ាងស្រស់បំព្រង មិនចាញ់ទឹកធ្លាក់រមនានោះឡើយ។ ទឹកធ្លាក់ក្បាលព្រះឬហៅបានម្យ៉ាងទៀតថាលែងប៉ូកព្រះមានមុខកាត់ រហូតដល់ ៣៩ម៉ែត្រ និងកម្ពស់៨ម៉ែត្រ នៅរដូវប្រាំង ទឹកធ្លាក់មានមុខកាត់១០ម៉ែត្រ និងរដូវវស្សាមានមុខកាត់២០ម៉ែត្រហើយ ទឹកធ្លាក់នេះមានទីតាំងស្ថិតនៅក្នុងសង្កាត់រមនា ក្រុង សែនមនោរម្យ ចម្ងាយ១៣គីឡូម៉ែត្រពីទី រួមខេត្ត។ ទឹកធ្លាក់ក្បាលព្រះវាគួរជាទីចាប់ចិត្ត ខ្លាំងណាស់សំរាប់អ្នកទេសចរជាមួយនឹងសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ព័ទ្ធជុំវិញ ដោយព្រៃឈើតូចធំ និងជួរភ្នំបង្កើតបានជា ផ្ទាំងទស្សនីយភាពឆើតឆាយ និងមានម្លប់ឈើធំៗដែលផ្តល់ជាកន្លែងសម្រាប់ភ្ញៀវ ទេសចរសម្រាកកម្សាន្តទទួលទានអាហារ ពិចនិក និងងូតទឹកធ្លាក់ថ្លាត្រជាក់យ៉ាង សប្បាយរីករាយ ។ យើងជឿជាក់ថា ភ្ញៀវទេសចរទាំងអស់នឹងបានប្លែកអារម្មណ៍។ អ្វីដែលរឹតតែរំភើប និងអស្ចារ្យនោះគឺការ ថតផ្តិតយករូបភាពព្រៃឈើពណ៌បៃតង គ្របដណ្តប់ព័ទ្ធជុំវិញតាមដងអូរមាត់ជ្រោះ និងស្វែងយល់បានកាន់តែច្រើនពីការរស់នៅរបស់បងប្អូនជនជាតិនៅលើដែនដី កម្រាលព្រំពណ៌បៃតងមណ្ឌលគិរីថែមទៀតផង៕ (ប្រភពដើមពីអរិយធម៌)
No comments:
Post a Comment