លោក ប្រាក់ សុខុន ថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានស្តីពីការសម្រេចរបស់
រាជរដ្ឋាភិបាល ទាក់ទងនឹងបញ្ញត្តិកម្មលើសេវាកម្មទូរស័ព្ទ ដែលការដាក់ឲ្យដំណើរការសេចក្តីប្រកាសអន្តរក្រសួងលេខ២៣២ រវាងក្រសួងប្រៃសណីយ៍ និងក្រសួងសេដ្ឋកិច្ច។ សេចក្តីជូនដំណឹង តម្រូវឲ្យក្រុមហ៊ុនទូរស័ព្ទចល័តទាំងអស់មិនត្រូវផ្តល់ទឹកប្រាក់ បន្ថែម ដែលនាំឲ្យអត្រាការហៅចេញក្នុងប្រព័ន្ធតិចជាង៤.៥សេន/ដុល្លារ ក្នុងមួយនាទី និងតម្លៃហៅចេញក្រៅប្រព័ន្ធទាបបំផុត៥.៩៥សេនដុល្លារ ក្នុងមួយនាទី។
លោក ប្រាក់ សុខុន មានប្រសាសន៍ថា ការចេញសេចក្តីជូនដំណឹងនេះ គឺដើម្បីបង្ការទំនាស់រវាងប្រតិបត្តិករ និងប្រតិបត្តិករ ដោយធានាការប្រកួតប្រជែងដោយស្មោះត្រង់ ការបញ្ឈប់បិទខ្ទប់ការតភ្ជាប់បណ្តាញសេវាទូរស័ព្ទមួយ និងការទប់ស្កាត់ការអនុវត្តតម្លៃទាបហួសហេតុ។
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ជូ វិចិត្ត មានប្រសាសន៍ថា ការប្រកួតប្រជែងមិនស្មោះត្រង់នេះ និងយកតម្លៃទាបនេះ បណ្តាលឲ្យចំណូលរដ្ឋពីវិស័យសេវាកម្មទូរស័ព្ទក្នុងរយៈពេល៥ឆ្នាំ ចុងក្រោយនេះ ស្ទើរតែគ្មានកំណើន។
កាលពីឆ្នាំ២០០៨ ចំនួនលេខទូរស័ព្ទដែលអ្នកប្រើប្រាស់ទាំងអស់នៅកម្ពុជា មានចំនួន៣លាន៨សែនលេខ និងក្នុង២០១២ ចំនួនលេខទូរស័ព្ទដែលប្រើប្រាស់ មានការកើនឡើងដល់១៩លានលេខ។
ប្រធាននិយតករទូរគមនាគមន៍កម្ពុជានៃក្រសួងប្រៃសណីយ៍ លោក ម៉ៅ ចរិយា មានប្រសាសន៍ថា ការអនុវត្តសេចក្តីជូនដំណឹងនេះ គឺធ្វើឡើងក្នុងរយៈពេលបណ្តោះអាសន្នតែប៉ុណ្ណោះ ដោយនឹងពិភាក្សាជាមួយអ្នកជំនាញ និងប្រតិបត្តិករ ស្វែងរកច្រកចេញកំណត់តម្លៃសមរម្យមួយនៅពេលអនាគត៕
Tags: តម្លៃទូរស័ព្ទ
No comments:
Post a Comment